រថយន្តដឹកដីជាច្រើនគ្រឿងបាននិងកំពុងមមាញឹកដឹកដីចាក់ ខណៈគ្រឿងចក្រនិងកម្មករ កំពុងសម្រុកសង់សំណង់លើដីចំណីទន្លេមេគង្គយ៉ាងសស្រាក់សស្រាំ ក្នុងភូមិសាស្ត្រភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយហាក់ពុំញញើតច្បាប់ឡើយ។ ជុំវិញករណីនេះ ចៅសង្កាត់បានត្រឹមប្រាប់ថា បានរាយការណ៍ជូនថ្នាក់លើរួចហើយ ខណៈដែលអភិបាលខណ្ឌច្បារអំពៅ បានត្រឹមប្រាប់ឱ្យផ្ញើរូបភាពនិងទម្លាក់ទីតាំងតាមប្រព័ន្ធតេឡេក្រាម តែមិនបានចូលមើល។
ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ បានប្រាប់អ្នកសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី២៥ឧសភា ឆ្នាំ២០២៦ នេះថា ពួកគាត់បានឃើញសកម្មភាពរថយន្តដឹកដីសម្រុកចាក់នៅក្នុងការដ្ឋានដែលមានរបងបិទជិតខាងលើនេះយ៉ាងមមាញឹកច្រើនថ្ងៃមកហើយ ហើយថែមទាំងកំពុងសាងសង់សំណង់នៅលើច្រាំងទន្លេយ៉ាងមមាញឹកផងដែរ មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ ប៉ុន្តែគ្រាន់តែដឹងថា បានចាក់ចូលទន្លេនិងសង់សំណង់រំលោភដីចំណីទន្លេពិតមែន។ ពួកគាត់ក៏ធ្លាប់ឃើញអាជ្ញាធរចុះមកដែរ ក្រោយពីចូលបានបន្តិចក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ រីឯការងារសាងសង់នៅតែបន្តយ៉ាងរលូន គ្មានការរំខានឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ The Real បានទូរសព្ទទៅសុំការពន្យល់ពីលោក សុំ សុធារី ចៅសង្កាត់ព្រែកឯង លោកបានឆ្លើយយ៉ាងខ្លីថា លោកបានរាយការណ៍ទៅថ្នាក់លើអស់ហើយ រួចក៏បិទទូរសព្ទទៅ។ ចំណែកឯអភិបាលខណ្ឌច្បារអំពៅ លោក ម៉ូវ ម៉ានិត បានឆ្លើយតាមទូរសព្ទដែរថា សូមដាក់ទីតាំងនិងរូបមក ចាំលោកពិនិត្យនិងប្រាប់វិញ ប៉ុន្តែក្រោយអង្គភាពយើងផ្ញើរូបភាពនិងទីតាំងខាងលើតាមប្រព័ន្ធតេឡេក្រាម លោកមិនបានចូលមើលនោះទេ គិតមកដល់ត្រឹមម៉ោងផ្សាយព័ត៌មាននេះ។
ក្រោយពីអាជ្ញាធរសង្កាត់និងខណ្ឌ ឆ្លើយតបយ៉ាងខ្លីនិងហាក់ស្ទាក់ស្ទើរមិនហ៊ានប៉ះពាល់ទីតាំងខាងលើ បានធ្វើឱ្យមហាជនងឿងឆ្ងល់ និងដាក់ការសង្ស័យថា ម្ចាស់ទីតាំងពិតជាមិនមែនរាស្ត្រសាមញ្ញនោះទេ បើមិនមែនអ្នកមានអំណាច ក៏មានប្រាក់លំដាប់ឧកញ៉ាដែរ ព្រោះបើប្រជាពលរដ្ឋធម្មតាដូចពួកគាត់ មិនមែនមន្ត្រីចុះមកហើយនាំគ្នាត្រឡប់ទៅវិញអស់ ហើយការងារចាក់ដីនិងសាងសង់នៅតែបន្តដដែលនោះទេ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏ស្នើសុំទៅឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បង្កើតក្រុមការងារបច្ចេកទេសចុះមកត្រួតពិនិត្យផ្ទាល់ កុំឱ្យប្រជាជនចេះតែថានិងរិះគន់ ដើម្បីមានចំណាត់ការទប់ស្កាត់ការរំលោភបំពាន និងអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពផង។ អង្គភាពយើងមិនអាចទំនាក់ទំនងទៅម្ចាស់ទីតាំងដើម្បីសុំការពន្យល់បាននោះទេ ហើយអង្គភាពយើងនឹងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕
