Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តមម្នាក់ចាក់ដីចូលទន្លេរាប់រយម៉ែត្រ អាជ្ញាធរឆ្លើយថាគ្រាន់តែអាស្រ័យផល
    ព័ត៌មានជាតិ

    ឯកឧត្តមម្នាក់ចាក់ដីចូលទន្លេរាប់រយម៉ែត្រ អាជ្ញាធរឆ្លើយថាគ្រាន់តែអាស្រ័យផល

    June 17, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល៖ ដីចំណីទន្លេមេគង្គប្រវែងរាប់រយម៉ែត្រ ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ត្រូវបានគេរំលោភកាន់កាប់ដោយខុសច្បាប់។ មេឃុំបានព្យាយាមបិទបាំង ដោយអះអាងថាដីនេះជារបស់ឯកឧត្តមម្នាក់ ដែលចាក់ដីគ្រាន់តែដើម្បីអាស្រ័យផល ហើយចាំរដ្ឋត្រូវការទើបប្រគល់ឱ្យវិញ ខណៈចៅហ្វាយស្រុកកៀនស្វាយមិនឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន។ តើអាជ្ញាធរខ្លាចអំណាចឯកឧត្តមមែនទេ? យ៉ាងណាមិញ ច្បាប់ត្រូវតែគោរព ទោះមន្ត្រីថ្នាក់ណាក៏ដោយ បើប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចរាស្ត្រសាមញ្ញដែរ។

    ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានលើកឡើងថា ទីតាំងដែលស្ថិតនៅខាងកើតស្ពានដីឥដ្ឋ-ថ្មគរ និងខាងលិចកំពង់ដរផ្លូវត្រីនេះ ត្រូវបានគេចាក់ដី លើកទំនប់ បូមខ្សាច់ចាក់បំពេញ និងធ្វើរបងព័ទ្ធយកដីចំណីទន្លេយ៉ាងជ្រៅរាប់រយម៉ែត្រ និងជាច្រើនខែមកហើយ។ ពួកគាត់មិនដឹងថា សកម្មភាពនេះមានច្បាប់អនុញ្ញាតពីថ្នាក់ណានោះទេ ហើយក៏មិនដឹងថាជាកម្មសិទ្ធិរបស់លោកធំណាឱ្យប្រាកដដែរ គ្រាន់តែល្បីថាជារបស់ឯកឧត្តមម្នាក់ ព្រោះឃើញការអនុវត្តប្រព្រឹត្តទៅដោយរលូន គ្មានការហាមឃាត់ពីអាជ្ញាធរ ឬរាំងស្ទះអ្វីឡើយ ពោលគឺរក្សាភាពស្ងៀមស្ងាត់ល្អណាស់។ ផ្ទុយពីពួកគាត់ដែលជារាស្ត្រសាមញ្ញ បើហ៊ានតែធ្វើផ្ដេសផ្ដាស មន្ត្រីមូលដ្ឋានច្បាស់ជាចុះមកព្រឹកល្ងាច មិនឱ្យធ្វើបានឡើយ។

    ពាក់ព័ន្ធនឹងការចាក់ដីលុបចូលទន្លេយ៉ាងជ្រៅនេះ លោក យ៉ែម ប៊ុណ្ណា មេឃុំដីឥដ្ឋ បានប្រាប់តាមទូរសព្ទថា ទីតាំងនោះជារបស់ឯកឧត្តម កៃ កុសល ដែលកាន់កាប់បន្តពីឪពុករបស់គាត់ឈ្មោះ កៃ សឿន។ លោកបានបញ្ជាក់ថា ទីនោះគឺជាអតីតយឿត្រី ដែលបានបាក់ដីស្ទើរតែអស់ទៅហើយ ទើបតែពេលនេះមានដីដុះមកវិញ ដូច្នេះឯកឧត្តមក៏បានលើកទំនប់ និងធ្វើរបងព័ទ្ធដើម្បីអាស្រ័យផល ព្រោះខ្លាចបងប្អូនជនជាតិវៀតណាមចូលមករស់នៅ នាំឱ្យមានការលំបាក។ លោកមេឃុំបានទទួលស្គាល់ថា ការធ្វើនេះពុំមានច្បាប់ទម្លាប់អ្វីទេ ហើយដីនេះក៏មិនមានប័ណ្ណកម្មសិទ្ធិដែរ។ លោកធ្លាប់បានឱ្យក្រុមប្រឹក្សាឃុំចុះទៅសួរនាំរួចហើយ តែម្ចាស់ទីតាំងបានប្រាប់ថា ព័ទ្ធរបងដើម្បីអាស្រ័យផលដាំបន្លែ និងការពារកុំឱ្យជនជាតិវៀតណាមមកនៅ ហើយបើរដ្ឋត្រូវការ គាត់នឹងប្រគល់ជូនរដ្ឋវិញ។ ដោយឡែក លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ពុំបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ ខណៈដែលអ្នកសារព័ត៌មានក៏មិនអាចទំនាក់ទំនងសុំការបកស្រាយពីម្ចាស់ទីតាំងខាងលើបានឡើយ។

    ការបកស្រាយរបស់លោកមេឃុំដីឥដ្ឋ បានធ្វើឱ្យមហាជនកាន់តែងឿងឆ្ងល់ និងលើកជាសំណួរថា បើដីនោះគ្មានប័ណ្ណកម្មសិទ្ធិ (មានន័យថាជាដីរដ្ឋ) ហើយការលើកទំនប់ ចាក់ដី និងធ្វើរបងព័ទ្ធយកសុទ្ធតែគ្មានច្បាប់អនុញ្ញាត តើហេតុអ្វីបានជាអាជ្ញាធរមិនហាមឃាត់? ហេតុអ្វីបានជាបណ្តែតបណ្តោយឱ្យមានការរំលោភបំពានយ៉ាងរលូន រួចនិយាយយ៉ាងងាយថា “ចាំរដ្ឋត្រូវការចាំប្រគល់ឱ្យវិញ” ទៅវិញ? តើនេះឬជាមន្ត្រីបម្រើរាស្ត្រ? ឬមួយឱ្យតែមានប្រាក់ និងមានអំណាច គឺអាចធ្វើអ្វីៗបានស្រេចតែចិត្ត? ពលរដ្ឋបានលើកឡើងទៀតថា បើដូចអ្វីដែលលោកមេឃុំអះអាងថា ដីច្រាំងទន្លេរបស់រដ្ឋអាចចាក់ដី និងធ្វើរបងព័ទ្ធយកបានមែននោះ ពួកគាត់ក៏នឹងនាំគ្នាព័ទ្ធយកដែរ រួចចាំរដ្ឋត្រូវការ សឹមប្រគល់ឱ្យវិញដូចគ្នា។

    គួររំលឹកផងដែរថា ករណីចាក់ថ្មចូលទន្លេនៅខេត្តកំពង់ចាមកាលពីពេលកន្លងទៅ រដ្ឋបាលខេត្តបានបញ្ជាឱ្យឧកញ៉ាម្នាក់កាយថ្មចេញពីទន្លេវិញដោយគ្មានអល់អែកឡើយ។ ដូច្នេះ មហាជនកំពុងរង់ចាំមើលថា តើរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាក្រសួងពាក់ព័ន្ធ នឹងមានចំណាត់ការយ៉ាងណាចំពោះករណីនេះ? អង្គភាពយើងនឹងបន្តឃ្លាំមើល និងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.