Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មហាជនរង់ចាំមើលកណ្តាប់ដៃដែករដ្ឋបាលស្រុកមុខកំពូល ថាតើហ៊ានវាយកម្ទេចសំណង់ខុសច្បាប់រំលោភចំណីទន្លេមេគង្គដែរឬទេ?
    ព័ត៌មានជាតិ

    មហាជនរង់ចាំមើលកណ្តាប់ដៃដែករដ្ឋបាលស្រុកមុខកំពូល ថាតើហ៊ានវាយកម្ទេចសំណង់ខុសច្បាប់រំលោភចំណីទន្លេមេគង្គដែរឬទេ?

    June 26, 20261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល៖ ក្រោយបែកធ្លាយព័ត៌មាន អាជ្ញាធរស្រុកមុខកំពូលបានចុះពិនិត្យ និងបញ្ជាក់យ៉ាងច្បាស់ថា សំណង់ផ្ទះលំហែគ្មានច្បាប់អនុញ្ញាតរបស់ឈ្មោះ ផាន់ ផេង ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ពិតជាបានសាងសង់រំលោភលើដីចំណីទន្លេមេគង្គប្រាកដមែន។ ទោះបីជាអាជ្ញាធរបានទុកឱសានវាទ១សប្តាហ៍ ឱ្យម្ចាស់រុះរើចេញក៏ដោយ តែមកទល់ពេលនេះដែលហួសកាលកំណត់ច្រើនថ្ងៃទៅហើយ សំណង់នេះនៅតែបន្តឈរយ៉ាងរឹងមាំដដែល។ ភាពព្រងើយកន្តើយនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើការចុះហាមឃាត់នោះគ្រាន់តែធ្វើឱ្យល្អមើល ឬយ៉ាងណា? ហើយពួកគេកំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់របស់រដ្ឋបាលស្រុក ថាតើអាចយកឈ្នះអំណាចទឹកប្រាក់របស់ម្ចាស់សំណង់ខុសច្បាប់បានដែរឬទេ?

    យោងតាមកំណត់ហេតុចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហុង គីរី អភិបាលរងស្រុកមុខកំពូល បានដឹកនាំក្រុមការងារចុះពិនិត្យសំណង់ផ្ទះលំហែខាងលើ និងបានបញ្ជាក់ថា សំណង់នេះពុំមានច្បាប់អនុញ្ញាតឡើយ ហើយបានសង់សំណង់រឹងលយចូលចំណីទន្លេរហូតដល់ប្រវែង៤២ម៉ែត្រ។ ទង្វើនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅនឹង មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដែលតម្រូវឱ្យរក្សាគម្លាតដីចំណីច្រាំងទន្លេចម្ងាយ៥០ម៉ែត្រ ជាដាច់ខាត។

    ពេលនោះ អាជ្ញាធរបានណែនាំឱ្យសុំច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងតម្រូវឱ្យរុះរើសំណង់ដែលលយចូលចំណីទន្លេចេញឱ្យអស់ ក្នុងរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។ ព្រមជាមួយគ្នានេះ ក្រុមការងារក៏បានដកហូតក្តារពុម្ព១០សន្លឹក អន្ទារ២គូ និងឈើទម្រពុម្ព១៥ដើម យកទៅតម្កល់ទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ សំណង់អត់ច្បាប់នោះនៅតែមិនទាន់ត្រូវបានរុះរើ ចំណែកឯក្រុមជាងក៏នៅតែបន្តការងារសាងសង់យ៉ាងរលូន ដោយពុំមានការរំខានអ្វីឡើយ។

    ទាក់ទិននឹងបញ្ហានេះ លោក ជួន សុខុន មេភូមិព្រែកតាបែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ទីតាំងខាងលើពិតជាគ្មានច្បាប់អនុញ្ញាត និងបានសង់រំលោភចំណីទន្លេមែន។ លោកធ្លាប់បានចូលរួមជាមួយក្រុមការងារឃុំ និងស្រុកចុះហាមឃាត់ចំនួន២លើកមកហើយ ជាពិសេសកាលពីថ្ងៃទី១៣ ខែមិថុនា ដែលក្រុមការងារចម្រុះថ្នាក់ស្រុកបានតម្រូវឱ្យម្ចាស់សុំច្បាប់ និងវាយកម្ទេចសំណង់ដែលលយចូលទន្លេនោះចោល ប៉ុន្តែរហូតមកដល់ថ្ងៃនេះនៅមិនទាន់មានការអនុវត្តនៅឡើយ។ លោកបានបន្ថែមថា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា មន្ត្រីរដ្ឋបាលស្រុកបានចុះមកម្តងទៀតដោយឱ្យរូបលោកនាំទៅពិនិត្យ ប៉ុន្តែអ្នកចាំដី និងក្រុមជាងមិនព្រមបើកទ្វារឱ្យចូល ទើបក្រុមការងារនាំគ្នាត្រឡប់ទៅវិញ។

    ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ពួកគេមិនស្គាល់អត្តសញ្ញាណម្ចាស់សំណង់ច្បាស់នោះទេ គ្រាន់តែដឹងថាជាអ្នកមានទ្រព្យ និងមានឥទ្ធិពលម្នាក់នៅរាជធានីភ្នំពេញ។ ពលរដ្ឋបានបន្ថែមថា នៅក្នុងភូមិព្រែកតាបែន មានទីតាំងសំណង់របស់ក្រុមអ្នកមានអំណាច ដែលបានចាក់ដី និងសាងសង់រំលោភចំណីទន្លេរបៀបនេះចំនួន៣កន្លែង ទៅ៤កន្លែងឯណោះនៅមិនឆ្ងាយពីគ្នា ហើយទោះជាឃើញមានការចុះហាមឃាត់ ក៏សំណង់ទាំងនោះនៅតែបន្តរីកលូតលាស់ទៅមុខដដែល។ បច្ចុប្បន្ន មហាជនកំពុងរង់ចាំតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើអាជ្ញាធរស្រុកមានលទ្ធភាពបង្ខំឱ្យម្ចាស់វាយកម្ទេចសំណង់ល្មើសច្បាប់ ដើម្បីរំដោះដីចំណីទន្លេទុកជាប្រយោជន៍សាធារណៈវិញបានដែរឬទេ ឬមួយគ្រាន់តែចុះហាមឃាត់ឱ្យល្អមើលប៉ុណ្ណោះ។

    ជុំវិញការរិះគន់របស់ប្រជាពលរដ្ឋនេះ លោក យី យ៉េន អភិបាលស្រុកមុខកំពូល នៅមិនទាន់មានការបកស្រាយបំភ្លឺយ៉ាងណានៅឡើយទេ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.