Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ពលរដ្ឋជាង ១០០គ្រួសារ នៅស្រុកកោះធំ ផ្ទុះការតវ៉ាប្រឆាំងក្រុមហ៊ុន ជុំវិញគម្រោងដោះដូរដីរដ្ឋ
    ព័ត៌មានជាតិ

    ពលរដ្ឋជាង ១០០គ្រួសារ នៅស្រុកកោះធំ ផ្ទុះការតវ៉ាប្រឆាំងក្រុមហ៊ុន ជុំវិញគម្រោងដោះដូរដីរដ្ឋ

    July 17, 2026Updated:July 18, 20265 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ភាពតានតឹងជុំវិញវិវាទដីធ្លីនៅចំណុច «ស្រះ៨» ដែលមានការពាក់ព័ន្ធ និងលាតសន្ធឹងលើឃុំចំនួនពីរ គឺឃុំពោធិ៍បាន និងឃុំកំពង់កុង ក្នុងស្រុកកោះធំ បានឈានដល់កម្រិតក្តៅគគុក ក្រោយប្រជាពលរដ្ឋជាង១០០គ្រួសារ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនមួយ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។

    នៅក្នុងការតវ៉ានោះ ប្រជាពលរដ្ឋបានលើកឡើង និងចោទប្រកាន់ថា សកម្មភាពយកគ្រឿងចក្រមកឈូសឆាយនេះ គឺជារបស់ក្រុមហ៊ុនលោក ភឺន ផល្លា។ ឆ្លើយតបនឹងការចោទប្រកាន់នេះ ជំនួយការរបស់លោក ភឺន ផល្លា បានចេញមុខបំភ្លឺប្រាប់អ្នកសារព័ត៌មានថា លោក ភឺន ផល្លា ពុំមានការពាក់ព័ន្ធណាមួយទៅនឹង ក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្គ្រីនស៊ីធី អ៊ីនវេសម៉ិន ឯ.ក ដែលកំពុងដាក់គ្រឿងចក្រឈូសឆាយនោះឡើយ។ ជំនួយការរូបនេះបានអះអាងថា ដីកម្មសិទ្ធិឯកជនរបស់លោក ភឺន ផល្លា គឺស្ថិតនៅទល់មុខតំបន់ស្រះ៨ មានប្លង់រឹងត្រឹមត្រូវទំហំជាង១០០០ហិកតា ចំណុចនេះហើយដែលអាចជាដើមចមធ្វើឱ្យពលរដ្ឋមានការយល់ច្រឡំ។

    ទន្ទឹមនឹងនេះ តំណាងប្រជាពលរដ្ឋ លោកតា ចាន់ កុកស្រ៊ុន បានអះអាងថា អ្នកភូមិបានតស៊ូរានព្រៃអាស្រ័យផលតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ ហើយសម្រាប់លោកផ្ទាល់ មានដីជាង១០០ហិកតា ដែលបានទិញតាំងពីឆ្នាំ២០០៤ ដោយមានឯកសារទិញលក់ និងការទទួលស្គាល់ពីអាជ្ញាធរឃុំទាំងពីរយ៉ាងត្រឹមត្រូវ។ ឆ្លើយតបនឹងការលើកឡើងនេះ ជំនួយការរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នកំពុងរង់ចាំយកឯកសារមកផ្ទៀងផ្ទាត់សិន ហើយនៅសប្តាហ៍ក្រោយ ខាងលោកនឹងចុះទៅជួបជាមួយប្រជាពលរដ្ឋទាំងអស់ដោយផ្ទាល់ ដើម្បីរួមគ្នាពិនិត្យ និងចង្អុលបង្ហាញទីតាំងដីជាក់ស្តែង។ ជាមួយគ្នានេះ ជំនួយការរូបនេះ ក៏បានចោទជាសំណួរត្រឡប់ទៅវិញថា ដោយសារទីតាំងចំណុចកើតហេតុត្រូវបានចេញប្រកាសជា «ដីអាង» ដែលជាសម្បត្តិរដ្ឋ តើការទិញលក់ដីធ្លីនោះធ្វើឡើងមុន ឬក្រោយពេលរដ្ឋចុះបញ្ជី? ហើយមានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរកម្រិតណា?

    ចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនយកគ្រឿងចក្រមកឈូសឆាយបំពានយកដីនោះ ជំនួយការរូបនេះបានពន្យល់បកស្រាយថា ការកាយនេះមិនបានធ្វើឱ្យប៉ះពាល់ ឬចូលទៅក្នុងដីប្រជាពលរដ្ឋនោះទេ ពោលគឺធ្វើឡើងតែនៅលើព្រំ «ដីអាង» ប៉ុណ្ណោះ ដោយទម្លាក់អាចម៍ដីមកខាងក្រៅ។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការលើកទំនប់នេះ គឺដើម្បីធ្វើការវាស់វែងទំហំដីឱ្យបានច្បាស់លាស់ សម្រាប់រៀបចំជាឯកសារស្នើសុំទម្លាក់ថវិកាពីក្រុមហ៊ុន យកមកដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។

    បើទោះបីជាមានការបកស្រាយបែបនេះក្តី លោកតា ចាន់ កុកស្រ៊ុន នៅតែបន្តលើកឡើងថា លិខិត សជណ គ្រាន់តែជាការជូនដំណឹងពីរដ្ឋ មិនមែនជាលិខិតអនុញ្ញាតឱ្យរំលោភយកដីដោយមិនចរចានោះទេ ជាក់ស្តែង «ចំណុចទី៤» នៃលិខិតនេះ បានតម្រូវឱ្យភាគីពាក់ព័ន្ធដោះស្រាយសំណងក្នុងតម្លៃ ០,១៥ដុល្លារ ដល់ ០,២០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។ លោកតារិះគន់ចំៗថា ទង្វើដែលក្រុមហ៊ុនប្រើគ្រឿងចក្រមកគាបសង្កត់យកដីពីពលរដ្ឋបែបនេះ គឺធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល។ លោកបញ្ជាក់បន្ថែមថា «គ្មានអ្នកណាមួយដែលព្រមឱ្យគេដើរជាន់ពីលើក្បាលទេ ធម្មតាមនុស្សដែលទទួលការគាបសង្កត់ និងចង់កាត់ផ្តាច់ជីវិតរបស់ពួកគេ ពួកគេច្បាស់ជារើបម្រះតវ៉ាហើយ»។

    ក្នុងស្ថានភាពនេះ ក្រុមប្រជាពលរដ្ឋបានសំណូមពរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន សូមជួយអន្តរាគមន៍លើ ៣ចំណុចរួមមាន៖ ទី១. ស្នើសុំឱ្យក្រុមហ៊ុនផ្អាកសកម្មភាពគ្រឿងចក្រ ទី២. តម្រូវឱ្យភាគីក្រុមហ៊ុនចុះមកចរចាសំណងដោយផ្ទាល់ និងទី៣. ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយកាត់ឆ្វៀលដីអាស្រ័យផលបច្ចុប្បន្ននេះចេញពីគម្រោង។

    ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការពន្យល់ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានទេ ដោយគិតត្រឹមម៉ោងចុះផ្សាយនេះ មិនទាន់ឃើញលោកចូលមើលសារតេឡេក្រាមនៅឡើយ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.