កណ្តាល៖ បើទោះបីជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យលុបបំបាត់បទល្មើសអូសលៀស ដែលតែងតែបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏សកម្មភាពអនាធិបតេយ្យនេះ នៅតែបន្តកើតមានយ៉ាងគឃ្លើនពេញផ្ទៃទន្លេបាសាក់ ចាប់ពីភូមិសាស្ត្រក្រុងតាខ្មៅ រហូតដល់ស្រុកស្អាង ខេត្តកណ្តាល។ សកម្មភាពនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យយ៉ាងខ្លាំងទៅលើចំណាត់ការ និងតម្លាភាពរបស់មន្ត្រីជំនាញជលផលខេត្តកណ្តាល ជុំវិញការបង្ក្រាបដែលហាក់មានភាពយឺតយ៉ាវ និងគ្មានរបាយការណ៍ផ្លូវការ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណជាង១០ព្រឹក អង្គភាពសារព័ត៌មាន ដឹរៀលញូស៍ (The Real News) យើង បានប្រទះឃើញផ្ទាល់ភ្នែកនូវសកម្មភាពទូកអូសលៀសចំនួនពី៣ទៅ៥គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យនៅចំណុចក្បែរនាវា ខាងក្រោយហាងកូនកាហ្វេ Riverside ក្រុងតាខ្មៅ។ ភ្លាមៗនោះ ភស្តុតាងជារូបភាពជាក់ស្តែង រួមទាំងពេលវេលា (TimeStamp) និងទីតាំង (Location) ច្បាស់លាស់ ត្រូវបានអង្គភាពយើងខ្ញុំរាយការណ៍ចូលទៅក្នុងតេឡេក្រាមគ្រុបថ្នាក់ជាតិ «រួមគ្នាបំបាត់បទល្មើសនេសាទ» ដែលមានវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។
រហូតដល់ម៉ោង១១និង២៦នាទីព្រឹក លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានចេញមុខបញ្ជាក់ក្នុងគ្រុបថា លោកបានទទួលព័ត៌មាននេះតាំងពីប៉ុន្មានម៉ោងមុនមកម៉្លេះ ហើយកម្លាំងកំពុងរៀបចំកិច្ចការនេះ។ អ្វីដែលធ្វើឱ្យមានការងឿងឆ្ងល់នោះគឺ ទីតាំងបទល្មើសនៅក្រុងតាខ្មៅ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងឈរជើងរបស់ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធឡើយ តែសមត្ថកិច្ចបែរជាមិនអាចចុះបង្ក្រាបទាន់ពេលវេលា។
លុះដល់ម៉ោងប្រមាណ៣រសៀល បែរជាមានអ្នកសារព័ត៌មានមួយចំនួនចេញមុខរាយការណ៍ជំនួសនៅក្នុងគ្រុបថា កម្លាំងជំនាញជលផលកណ្តាល សហការជាមួយអាជ្ញាធរស្រុកស្អាង ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងស្រុក បានចុះទៅឃាត់ទូកអូសលៀសបានមួយចំនួននៅឯភូមិសាស្ត្រស្រុកស្អាងទៅវិញ។
ភាពមិនប្រក្រតីនេះ បានជំរុញឱ្យអង្គភាពសារព័ត៌មាន ដឹរៀលញូស៍ យើង ស្នើសុំជាសាធារណៈនៅក្នុងគ្រុបនូវកំណត់ហេតុ ឬរបាយការណ៍ចុះបង្ក្រាបផ្លូវការ ដើម្បីយកមកចុះផ្សាយព័ត៌មានឱ្យបានសុក្រឹត និងច្បាស់លាស់។ ទោះជាយ៉ាងណា គិតត្រឹមម៉ោងជាង១១យប់ ថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតែរក្សាភាពស្ងៀមស្ងាត់ មិនព្រមបញ្ចេញរបាយការណ៍ផ្លូវការ ឬឆ្លើយតបណាមួយឡើយ ដោយបណ្តោយឱ្យអ្នកសារព័ត៌មានរាយការណ៍ជំនួសអង្គភាពខ្លួនទៅវិញ។
មហាជន និងអ្នកតាមដានសង្គមរង់ចាំមើលថា តើចំណាត់ការរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ជុំវិញករណីនេះ ជារឿងពិតប្រាកដ ឬគ្រាន់តែជាការធ្វើឡើងដើម្បីល្អមើល ខណៈរបាយការណ៍ផ្លូវការនៃការចុះបង្ក្រាបនៅតែត្រូវបានលាក់បាំងនៅឡើយ។
