ទោះបីជារដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងក្តៅគគុកដល់ទៅ២ដង ក្នុងការបញ្ជាឱ្យរំដោះចិញ្ចើមផ្លូវយ៉ាងណាក្តី ក៏ទីតាំងផ្លូវចំណុចក្លោងទ្វារចូលទៅកាន់វត្ត និងរមណីយដ្ឋានប្រវត្តិសាស្ត្រស្អាងភ្នំ នៅតែបន្តលិចលង់ក្នុងភាពអនាធិបតេយ្យនៃការលក់ដូរយ៉ាងរញ៉េរញ៉ៃ។ ភាពកម្សោយ និងការហាក់បីដូចជាសម្ងំស្ងៀមរបស់អាជ្ញាធរស្រុកស្អាង កំពុងធ្វើឱ្យលិខិតព្រមានរបស់រដ្ឋបាលខេត្តក្លាយត្រឹមជាក្រដាសទទេ ខណៈចំណីផ្លូវសាធារណៈត្រូវបានគេយកដាក់ជួលឱ្យអាជីវករ ដើម្បីប្រមូលលុយចូលហោប៉ៅយ៉ាងរំភើយ។
ជាក់ស្តែង នៅចំណុចផ្លូវកែងមុខក្លោងទ្វារចូលទៅវត្ត និងរមណីយដ្ឋានស្អាងភ្នំ ដែលស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង គឺមានម្ចាស់ផ្ទះដែលនៅជាប់ទីតាំងនោះ បានយកចំណីផ្លូវសាធារណៈដាក់ជួលឱ្យអាជីវករលក់សាច់ជ្រូក សាច់មាន់ និងបន្លែផ្សេងៗ ដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ។ ភាពរញ៉េរញ៉ៃនៅត្រង់ចំណុចផ្លូវកែងក្លោងទ្វារនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភណភាព និងបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ ដែលចង់ធ្វើដំណើរចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រមួយនេះ។ អ្វីដែលហួសចិត្តនោះគឺ អាជីវករមិនព្រមចូលទៅលក់ដូរនៅខាងក្នុងផ្សារដែលមានកន្លែងធំទូលាយនោះទេ តែបែរជានាំគ្នាមកប្រជ្រៀតលក់នៅត្រង់ចំណុចផ្លូវមុខក្លោងទ្វារ បង្កើតឱ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដោយគ្មានតម្លាភាព ដែលរុញច្រានឱ្យអាជីវករលក់ដូរត្រឹមត្រូវក្នុងផ្សារនាំគ្នាត្អូញត្អែរ និងទទូចឱ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់។
ទន្ទឹមនឹងការបណ្តែតបណ្តោយរបស់អាជ្ញាធរ ភាពអនាធិបតេយ្យនេះ ក៏ផ្តើមចេញពីផ្នត់គំនិតអាត្មានិយមរបស់អតិថិជនមួយចំនួនផងដែរ។ ការចតម៉ូតូកណ្តាលថ្នល់ដើម្បីទិញទំនិញតាមចិញ្ចើមផ្លូវ ដោយសំអាងលើពាក្យថា ឈប់១ភ្លែត គឺជាឫសគល់នៃការបំផ្លាញសណ្តាប់ធ្នាប់ពិតប្រាកដ។ សូមសាកស្រមៃមើលថា ប្រសិនបើមនុស្ស២០នាក់ ឬ១០០នាក់ មានគំនិតចង់ឈប់១ភ្លែតដូចគ្នាក្នុងពេលតែមួយ តើផ្លូវសាធារណៈនឹងទៅជាយ៉ាងណា វាច្បាស់ណាស់ថានឹងប្រែក្លាយជាចំណតរាំងស្ទះចរាចរណ៍ទាំងស្រុង ដែលនេះជាការលើកទឹកចិត្តដោយប្រយោលឱ្យអ្នកលក់កាន់តែបានចិត្តក្នុងការក្រាលទំនិញរំលោភមកលើផ្លូវ ។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងជាលើកទី២រួចមកហើយ ដោយតម្រូវឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការសាងសង់តូបលក់ដូរ ការដាក់សំយាប ឬឆ័ត្ររំលោភលើដីចំណីផ្លូវសាធារណៈ ដោយតម្រូវឱ្យរុះរើចេញដោយស្ម័គ្រចិត្ត។ លិខិតដដែលបានសង្កត់ធ្ងន់ថា ក្នុងករណីមិនសហការ រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវចុះអនុវត្តវិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ហើយក្នុងករណីរឹងទទឹង អាជ្ញាធរនឹងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៧១ និង៧៤ ដែលជនល្មើសអាចប្រឈមនឹងការផាកពិន័យពី១សែនរៀល ដល់៤លានរៀល ឬអាចឈានដល់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ២ឆ្នាំថែមទៀតផង។
ទោះមានបទបញ្ជាច្បាស់លាស់ និងមានទោសទណ្ឌធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកស្អាងហាក់នៅមានកម្រិតក្នុងការអនុវត្តជាក់ស្តែង ដែលធ្វើឱ្យមហាជនដាក់ការសង្ស័យលើចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងអាជីវករក្នុងផ្សារ កំពុងរង់ចាំមើលយ៉ាងអន្ទះសាថា តើអាជ្ញាធរស្រុកស្អាងនឹងមានភាពក្លាហានក្នុងការចុះរំដោះចិញ្ចើមផ្លូវនៅត្រង់ចំណុចផ្លូវក្លោងទ្វារចូលវត្តប្រគល់ជូនអ្នកថ្មើរជើងវិញ ឬមួយក៏បន្តបណ្តែតបណ្តោយ ទុកឱ្យផ្លូវចំណុចក្លោងទ្វារចូលរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ក្លាយជាទីតាំងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ជារៀងរហូត។
ជុំវិញភាពអនាធិបតេយ្យនេះ អង្គភាពសារព័ត៌មានយើង នឹងរង់ចាំមើលថា តើចំណាត់ការរបស់អាជ្ញាធរមានទម្ងន់ជាង ឬមួយក៏អាជីវករខ្លាំងជាង ទាំងដែលទីតាំងផ្សារនៅពីក្រោយខ្នងសោះ បែរជាមិនព្រមនាំគ្នាចូលលក់ តែបែរជានាំគ្នាមកលក់រំលោភលើចំណីផ្លូវសាធារណៈទៅវិញនោះ៕
