សកម្មភាពយកចំណីផ្លូវរដ្ឋដាក់ជួលឱ្យអាជីវករលក់ដូរ ត្រង់ចំណុចក្លោងទ្វារចូលរមណីយដ្ឋានស្អាងភ្នំ កំពុងធ្វើឲ្យមហាជនចោទជាសំណួរធ្ងន់ៗថា តើម្ចាស់ផ្សារ និងប្រជាពលរដ្ឋដែលមានផ្ទះក្បែរនោះ មានសិទ្ធិអំណាចអ្វីបានជាហ៊ានយកចំណីផ្លូវសាធារណៈមកដាក់ជួលយកលុយយ៉ាងគឃ្លើនបែបនេះ? តើហេតុអ្វីអាជីវករសុខចិត្តបង់លុយជួលចំណីផ្លូវលក់ដូរទាំងខុសច្បាប់ ដោយរឹងទទឹងមិនព្រមចូលលក់ក្នុងផ្សារ?
សំណួរដ៏រសើបនេះ ត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅពេលលោក អឹម ប៊ុនថុល អភិបាលរងស្រុកស្អាង ចុះទៅសួរនាំអាជីវករ និងម្ចាស់ផ្សារផ្ទាល់តែម្តង។ នៅចំពោះមុខលោកអភិបាលរងស្រុក អាជីវករបានឆ្លើយប្រាប់ត្រង់ៗថា ពួកគាត់ពិតជាបានបង់ប្រាក់ថ្លៃជួលកន្លែងចាប់ពី៣ពាន់រៀល ទៅ៧ពាន់រៀល ឱ្យម្ចាស់ផ្សារជារៀងរាល់ថ្ងៃពិតមែន។ កាន់តែគឃ្លើននោះ ស្ត្រីឈ្មោះ វ៉ាន ឈឿន ដែលជាប្រពន្ធលោក ញ៉ែម ខន ជាម្ចាស់ផ្សារ បានអះអាងយ៉ាងពេញមាត់នៅចំពោះមុខអាជ្ញាធរថា ឱ្យតែមកលក់នៅមុខកន្លែងគាត់ គឺគាត់ត្រូវតែយកលុយហើយ ទោះបីទីតាំងនោះជាចំណីផ្លូវសាធារណៈរបស់រដ្ឋក៏ដោយ។ ការយកលុយបែបនេះ គឺជាការបំពានច្បាប់យ៉ាងច្បាស់ ព្រោះម្ចាស់ផ្សារឯកជនមានសិទ្ធិប្រមូលភាស៊ីតែពីអាជីវករដែលលក់ដូរខាងក្នុងបរិវេណផ្សារខ្លួនប៉ុណ្ណោះ។
ស្ថានភាពនេះ គឺមិនខុសគ្នាប៉ុន្មានទេសម្រាប់ប្រជាពលរដ្ឋដែលមានផ្ទះមុខផ្សារ និងក្បែរៗផ្សារ ដែលបានយកចំណីផ្លូវរបស់រដ្ឋទៅជួលឱ្យគេលក់ដូរដូចគ្នា។ ដើមចមដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃរហូតមកដល់ពេលនេះ អាចផ្តើមចេញពីការប្រកួតប្រជែងមិនស្របច្បាប់នេះឯង។ តាមការពិត ផ្សារទាំងពីរនៅទីតាំងនោះ សុទ្ធតែមានច្បាប់ទម្លាប់ និងត្រូវបង់ពន្ធត្រឹមត្រូវជូនរដ្ឋ ក្នុងការប្រមូលភាស៊ី។ តែការបណ្តែតបណ្តោយឱ្យពលរដ្ឋដែលមានផ្ទះក្បែរនោះ ឆ្លៀតដាក់ជួលឱ្យមានការលក់ដូរបន្លែត្រីសាច់ដូចផ្សារដែរនោះ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មផ្សារទាំង២។
ដោយសារតែការបើកឱ្យលក់នៅខាងក្រៅនេះហើយ ទើបអាជីវករក្នុងផ្សារត្អូញត្អែរថាលក់មិនដាច់ រហូតបង្ខំចិត្តចេញមកលក់នៅមុខ ឬលើចិញ្ចើមផ្លូវដែរ ទើបលក់ដាច់។ ភាពអនាធិបតេយ្យនេះ បានបង្កើតជាលេសរង់ចាំមើលគ្នា ដោយភាគីអ្នកលក់នៅមុខផ្សារអះអាងថា ឱ្យតែអាជីវករនៅផ្លូវម្ខាងទៀត ព្រមចូលទៅលក់ក្នុងផ្សារ ពួកគាត់នឹងចូលទៅលក់ខាងក្នុងវិញភ្លាម។ ចំណែកអាជីវករនៅផ្លូវម្ខាងទៀត ក៏បាននិយាយបញ្ច្រាសគ្នាថា ឱ្យតែខាងនោះថយមិនលក់លើចិញ្ចើមផ្លូវ ពួកគាត់ក៏នឹងថយដូចគ្នា។ ភាពក្រាញននៀលនេះ ស្តែងចេញយ៉ាងច្បាស់នៅពេលអាជ្ញាធរចុះមកណែនាំ ដោយអាជីវករតែងតែឆ្លើយយល់ព្រមពេញៗមាត់ថានឹងអនុវត្តតាម ប៉ុន្តែលុះពេលអាជ្ញាធរចាកចេញផុត ទិដ្ឋភាពនៃការលក់ដូររំលោភចំណីផ្លូវ ក៏វិលមករកសភាពដើមវិញដដែល ។
មហាជនកត់សម្គាល់ថា កន្លងមកអាជ្ញាធរបានត្រឹមតែចុះរៀបចំ និងព្រមានចោលៗ តែមិនដែលឃើញអនុវត្តវិធានការក្តៅ «ធ្វើ១ព្រមាន១០០» ទៅលើជនខិលខូចណាមួយឡើយ ទើបធ្វើឱ្យអ្នកលក់ដូរលែងញញើត និងបន្តផ្គើនច្បាប់រហូតមក។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ពេលចុះទៅដល់ផ្ទាល់ លោក អឹម ប៊ុនថុល អភិបាលរងស្រុកស្អាង បានព្រមានយ៉ាងក្តៅគគុក ដោយបញ្ជាឱ្យអាជីវករឈប់លក់រំលោភមកលើចិញ្ចើមផ្លូវ ហើយបានចេញឱសានវាទទុកពេលឱ្យត្រឹមល្ងាចថ្ងៃចុះនោះ ដោយព្រមានដាច់អហង្ការថា បើនៅតែមិនគោរព អាជ្ញាធរនឹងយករថយន្តមករើលើកដាក់យកឥវ៉ាន់ទៅតែម្តង ហើយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។ ផ្ទុយទៅវិញ របាយការណ៍ដែលស្មៀនឃុំស្អាងភ្នំសរសេរដាក់ចូលក្នុងគ្រុប «ប្រជាជនស្រុកស្អាង» បែរជាបំបាត់ចោលវិធានការក្តៅទាំងនេះ និងលាក់បាំងរឿងយកចំណីផ្លូវរដ្ឋដាក់ជួលជិតឈឹង ដោយសរសេរត្រឹមតែពាក្យ «សំណូមពរ» យ៉ាងទន់ភ្លន់ទៅវិញ។ តើរបាយការណ៍នេះសរសេរឡើងដើម្បីតែបិទបាំងការពិត ឬមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង?
ដោយសារពេលនោះ អាជ្ញាធរបានបញ្ជាក់ច្បាស់ៗថា ទុកពេលឱ្យត្រឹមល្ងាចសម្រាប់ការរុះរើ ដូច្នេះមហាជនកំពុងរង់ចាំមើលបន្តទៀតថា តើវិធានការក្តៅយករថយន្តមកលើកដាក់អីវ៉ាន់ដោយមិនទទួលខុសត្រូវ ស្របតាម សជណ របស់ខេត្ត នឹងត្រូវបានអនុវត្តមែន ឬក៏រលាយបាត់ត្រឹមរបាយការណ៍ទន់ភ្លន់របស់ស្មៀនឃុំទៅហើយ? អង្គភាពសារព័ត៌មានយើងនឹងបន្តឈរជើងតាមដានយ៉ាងជាប់លាប់ ដើម្បីទាមទារការពិត និងចំណាត់ការជាក់ស្តែងជុំវិញភាពអនាធិបតេយ្យមួយនេះ។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៧១ និង៧៤ ជនដែលរំលោភចំណីផ្លូវ អាចប្រឈមនឹងការផាកពិន័យ ឬការផ្តន្ទាទោសតាមដែលច្បាប់កំណត់។ ដូច្នេះ អ្នកតាមដានសង្គមកំពុងរង់ចាំមើលថា តើអាជ្ញាធរមូលដ្ឋាន នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ និងដោះស្រាយករណីរំលោភចំណីផ្លូវនេះយ៉ាងដូចម្តេច។
