Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ត្រឹមសង្គ្រោះបឋមខុសបច្ចេកទេសពេទ្យត្រូវដកតំណែង ចុះករណីចាក់ថ្នាំកុមារស្លាប់នៅកៀនស្វាយវិញ?
    សន្តិសុខសង្គម

    ត្រឹមសង្គ្រោះបឋមខុសបច្ចេកទេសពេទ្យត្រូវដកតំណែង ចុះករណីចាក់ថ្នាំកុមារស្លាប់នៅកៀនស្វាយវិញ?

    September 10, 20261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    តើវាសនាប្ដីជាវេជ្ជបណ្ឌិត និងប្រពន្ធជាគិលានុបដ្ឋាយិកាគ្មានអាជ្ញាប័ណ្ណ ដែលបណ្ដោយឱ្យមានការចាក់ថ្នាំព្យាបាលកុមារាម្នាក់ស្លាប់នៅស្រុកកៀនស្វាយនោះ នឹងទៅជាយ៉ាងណា? ខណៈដែលសំណុំរឿងត្រូវបានបញ្ជូនដល់ដៃតំណាងអយ្យការ ហើយគណៈគ្រូពេទ្យជាតិក៏ត្រៀមបើកកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ដើម្បីចាត់វិធានការផងដែរ។

    គេនៅចាំបានថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកណ្តាលទើបតែបានចេញដីកាសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ មកនៅជាមន្ត្រីធម្មតា និងរងការពិន័យមិនឱ្យប្រកបវិជ្ជាជីវៈ២ឆ្នាំ។ ចំណាត់ការក្ដៅនេះ ធ្វើឡើងបន្ទាប់ពីរងការរិះគន់លើបណ្ដាញសង្គម ជុំវិញសកម្មភាពជួយសង្គ្រោះបន្ទាន់ CPR លើនារីវ័យ១៧ឆ្នាំម្នាក់ ថាមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រតែប៉ុណ្ណោះ។

    ត្រង់ចំណុចនេះហើយដែលគេចោទសួរចំៗថា ករណីនៅសិត្បូគ្រាន់តែជាការជួយសង្គ្រោះបឋមខុសបច្ចេកទេសសោះ ត្រូវថ្នាក់លើចាត់វិធានការដកតំណែងយ៉ាងរហ័សទាន់ចិត្តទៅហើយ។ ចុះទម្រាំករណីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «អន ភារម្យ» ដែលម្ចាស់ទីតាំងហ៊ានបណ្ដោយឱ្យភរិយាខ្លួនឯង ឈ្មោះ ពេញ សុវណ្ណារី ដែលគ្មានអាជ្ញាប័ណ្ណវិជ្ជាជីវៈសោះ មកបូមឈាម ដាក់សេរ៉ូម និងចាក់ថ្នាំកុមាររហូតដល់ប្រតិកម្មស្លាប់បាត់បង់ជីវិតពិតប្រាកដ តើស្ថាប័នពាក់ព័ន្ធនឹងមានវិធានការក្ដៅកម្រិតណា?

    ទាក់ទិននឹងចំណាត់ការផ្លូវច្បាប់ លោក ខា ដែនណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងនេះត្រូវបានបញ្ជូនមកដល់ដៃតុលាការហើយ។

    ដោយឡែកជុំវិញចំណាត់ការខាងវិជ្ជាជីវៈ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល និងជាប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ប្រាប់ថា៖ ដោយសារបុគ្គលរូបនេះមិនបម្រើការងារនៅក្នុងខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តមិនមានចំណាត់ការអ្វីបន្តទៀតនោះទេ ពោលគឺទុកភារកិច្ចនេះជូនស្ថាប័នតុលាការជាអ្នកចាត់ការបន្ត។

    ប៉ុន្តែលោកបញ្ជាក់ថា គណៈគ្រូពេទ្យភូមិភាគ១ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីសម្រេចថា នឹងត្រូវចាត់វិធានការ ឬដាក់ទោសទណ្ឌបែបណាបន្តទៀត ខណៈដែលគណៈគ្រូពេទ្យខេត្តមានតួនាទីត្រឹមតែប្រមូលព័ត៌មាន និងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើប៉ុណ្ណោះ។ ចំពោះវិធានការបិទបន្ទប់ពិគ្រោះជំងឺនេះ គឺអាជ្ញាធរស្រុកបានអនុវត្តរួចរាល់ហើយ។

    សូមរំលឹកថា សោកនាដកម្មនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ អាយុ២ឆ្នាំ៩ខែ ត្រូវបានម្ដាយនាំមកព្យាបាល បន្ទាបពីមានអាការៈក្ដៅខ្លួននៅបន្ទប់ពិគ្រោះជំងឺខាងលើ រហូតឈានដល់ការស្លាប់យ៉ាងអាណោចអាធ័មក្រោមស្នាដៃប្រពន្ធពេទ្យគ្មានអាជ្ញាប័ណ្ណ។ ដែលក្រណីនេះ សង្ស័យប្រតិកម្មថ្នាំ ហើយក្រោយកើតហេតុ ភាគីម្ចាស់បន្ទប់ពិគ្រោះជំងឺបានចាយលុយ៩.០០០ដុល្លារ និងថវិកាចូលបុណ្យ២លានរៀល ដើម្បីបំប៉ិតរឿងជាមួយគ្រួសារសព​ តែមិនអាចទៅរួច ដោយសារមានការបែកធ្លាយដល់អ្នកសារព័ត៌មាន។

    មហាជនទូទាំងប្រទេសកំពុងរង់ចាំមើលដោយយកចិត្តទុកដាក់បំផុត ថាតើច្បាប់អាចរកយុត្តិធម៌ពិតប្រាកដក្នុងរឿងនេះបាន ឬក៏ត្រូវលង់លក់ដោយសារឥទ្ធិពលទឹកប្រាក់?

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.