Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អតីតអ្នកចម្រៀងធ្លាប់ច្រៀងជូនសម្ដេចតេជោ ត្រូវមេភូមិព្រែកខ្មែរប្ដឹង ក្រោយចេញមុខឈឺឆ្អាលរឿងអ្នកលក់មាសរំលោភដីលោកយាយជរាវ័យជាង ៨០ឆ្នាំ
    សន្តិសុខសង្គម

    អតីតអ្នកចម្រៀងធ្លាប់ច្រៀងជូនសម្ដេចតេជោ ត្រូវមេភូមិព្រែកខ្មែរប្ដឹង ក្រោយចេញមុខឈឺឆ្អាលរឿងអ្នកលក់មាសរំលោភដីលោកយាយជរាវ័យជាង ៨០ឆ្នាំ

    September 21, 202612 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ការចេញមុខឈឺឆ្អាលជួយជនក្រីក្រដែលកំពុងរងភាពអយុត្តិធម៌ គឺជារឿងដែលសង្គមសាទរ ប៉ុន្តែសម្រាប់លោក ហួត សុវណ្ណ ដែលជាអតីតអ្នកចម្រៀងធ្លាប់ច្រៀងជូនសម្ដេចតេជោ បែរជាទទួលបានរង្វាន់ជាដីកាកោះហៅពីតុលាការទៅវិញ។ រឿងរ៉ាវដ៏ចម្រូងចម្រាសនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅភូមិព្រែកខ្មែរ បន្ទាប់ពីលោកមេភូមិជាអ្នកចេញមុខប្ដឹងអ្នកជួយសង្គ្រោះរាស្ត្រ ខណៈអ្នកលួចសាងសង់សំណង់រំលោភលើដីគេ បែរជាសម្ងំស្ងាត់ឈឹង។ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ?

    សាច់រឿងទាំងមូល គឺផ្តើមចេញពីប្ដីប្រពន្ធអ្នកលក់មាសដ៏មានលុយនៅផ្សារព្រែកខ្មែរ បានលួចសាងសង់សំណង់ខ្ចុះលំហែ រំលោភចូលលើចំណែកដីរបស់លោកយាយ កង ដែលស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ដោយស្ងាត់ៗ ខណៈម្ចាស់ដីមិនបានដឹងខ្លួនទាល់តែសោះ។

    ជុំវិញរឿងរ៉ាវនេះ លោក ហួត សុវណ្ណ ដែលជាចុងចម្លើយរងពាក្យបណ្ដឹង បានរៀបរាប់យ៉ាងក្បោះក្បាយប្រាប់អ្នកសារព័ត៌មានយើងថា មូលហេតុដែលលោកចេញមុខឡាយកាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៦ គឺដោយសារតែលោកទ្រាំមើលភាពអយុត្តិធម៌ និងការមើលងាយមកលើជនក្រីក្រមិនបាន។ លោកបញ្ជាក់ថា លោកនិងលោកយាយម្ចាស់ដី គឺមិនមានសាច់ញាតិអ្វីនឹងគ្នាទេ តែដោយក្ដីអាណិតស្រឡាញ់ លោកតែងតែចាត់ទុកគាត់ដូចជាយាយបង្កើត និងតែងតែទិញទឹកត្រចៀកកាំទៅជូនពេលគាត់ឈឺដេកកន្ទេល ព្រមទាំងធ្លាប់ធ្វើបុណ្យរៀបចំអាហារជូនចាស់ៗក្នុងភូមិជាហូរហែផងដែរ។

    លោកបានចោទសួរចំៗថា ហេតុអ្វីបានជាសាងសង់សំណង់រំលោភលើដីគេហើយ មិនប្រាប់ម្ចាស់ដីមួយម៉ាត់? ហើយពេលរឿងបែកធ្លាយ ហេតុអ្វីម្ចាស់សំណង់ដែលជាអ្នកលក់មាសមិនព្រមចេញមុខមកសម្របសម្រួលសូម្បីតែម្តង បែរជាប្រគល់ភារកិច្ចឱ្យលោក ឌុច ទូច ជាមេភូមិព្រែកខ្មែរ ចេញមុខដោះស្រាយជំនួសទៅវិញ? លោកសង្ស័យថាមានការឃុបឃិតគ្នាទើបបិទបាំងរឿងនេះ។ ជាងនេះទៅទៀត លោកបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ ដោយលោកបញ្ជាក់ថា លោកគ្រាន់តែឈឺឆ្អាលជួយរាស្ត្រ ហើយលោកក៏ត្រៀមខ្លួនដាក់ពាក្យបណ្តឹងប្តឹងតតាំងវិញដើម្បីស្វែងរកយុត្តិធម៌ផងដែរ។

    បន្ទាប់ពីជួបលោក ហួត សុវណ្ណ រួច អ្នកសារព័ត៌មានយើងក៏បានចុះទៅដល់ផ្ទះរបស់លោកយាយផ្ទាល់ និងបានជួបសម្ភាសន៍ជាមួយអ្នកស្រី ណយ ស៊ីណា អាយុ៤៦ឆ្នាំ ដែលជាកូនស្រីបង្កើត ខណៈអ្នកស្រីកំពុងបញ្ចុកអាហារម្ដាយ។ អ្នកស្រីបានរៀបរាប់ទាំងក្ដុកក្ដួលថា គ្រួសារអ្នកស្រីមិនបានដឹងពីរឿងគេលួចសង់សំណង់នេះទេ លុះពេលដើរទៅមើលទីតាំងផ្ទាល់ទើបភ្ញាក់ព្រើត។

    អ្នកស្រីបានរៀបរាប់បន្តថា ពេលសួរនាំរកដំណោះស្រាយ ម្ចាស់ដីមិនចេញមុខទេ តែបែរជាឱ្យលោកមេភូមិព្រែកខ្មែរចេញមុខដោះស្រាយជំនួសទៅវិញ។ នៅពេលចរចា លោកមេភូមិបានសួរអ្នកស្រីថា «ចង់បានប៉ុន្មាន?» ពេលនោះដោយសារខឹងគេលួចសាងសង់សំណង់រំលោភស៊ីចូលកណ្តាលដីទៅហើយ អ្នកស្រីក៏បានឆ្លើយតបទៅវិញថា បើចង់បាន អ្នកស្រីទាមទារលក់ដីនោះទាំងមូលតែម្ដងក្នុងតម្លៃ ១ម៉ឺនដុល្លារ។ ផ្ទុយទៅវិញ លោកមេភូមិបែរជាតថ្លៃ និងប្រាប់ថាអាចឱ្យបានត្រឹមតែ ២០០ ទៅ ៣០០ដុល្លារប៉ុណ្ណោះ។ ទង្វើនេះ ធ្វើឱ្យគ្រួសារអ្នកស្រីខឹងសម្បារយ៉ាងខ្លាំងព្រោះចាត់ទុកថាជាការមើលងាយ ទើបអ្នកស្រីឡូឡា ហើយក៏មានលោក ហួត សុវណ្ណ ចេញមុខឡាយវីដេអូឈឺឆ្អាលទាមទារយុត្តិធម៌តែម្ដង។

    បន្ទាប់ពីមានការឡាយផ្ទុះការចាប់អារម្មណ៍នេះហើយ ទើបអ្នកសារព័ត៌មានបានដឹងរឿង និងបានរុញព័ត៌មាននេះបន្តចូលទៅក្នុងគ្រុបតេឡេក្រាម (Telegram) «ប្រជាជនស្រុកស្អាង»។ ក្រោយពីព័ត៌មាននេះបានជ្រាបដល់ថ្នាក់ដឹកនាំ លោក មិ ពិន មេឃុំស្អាងភ្នំ ក៏បានចុះមកដល់ទីតាំងដីរំលោភនោះដោយផ្ទាល់។ នៅចំពោះមុខអាជ្ញាធរ ម្ចាស់សំណង់បានសន្យាថានឹងរុះរើសំណង់នោះចេញឱ្យអស់ក្នុងរយៈពេល ៧ថ្ងៃ។ ទីបំផុត សំណង់នោះក៏ត្រូវបានរុះរើចេញវិញទាំងស្រុង។

    រឿងរ៉ាវដីធ្លីហាក់បានដោះស្រាយបញ្ចប់ តែបែរជាមានឈុតឆាកហួសចិត្តមួយទៀត គឺលោក ហោ ហួតថេន ហៅ ហួត សុវណ្ណ ត្រូវតុលាការចេញដីកាកោះហៅឱ្យចូលខ្លួនទៅបំភ្លឺជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី។ ដីកាកោះចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង រ៉ែន នរិទ្ធ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការកោះហៅនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់លោកមេភូមិ ឌុច ទូច កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលប្ដឹងលោកពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ។

    ដើម្បីឱ្យព័ត៌មានមានតុល្យភាព អ្នកសារព័ត៌មានយើងក៏បានទូរស័ព្ទសាកសួរលោកមេភូមិ ឌុច ទូច ផ្ទាល់កាលពីពេលថ្មីៗនេះ។ តាមរយៈកិច្ចសម្ភាសន៍ លោកមេភូមិទទួលស្គាល់ថាពិតជាបានប្តឹងមែន ដោយអះអាងថាមានចំណុចខ្លះក្នុងការឡាយដែលលោកទទួលយកមិនបាន។ តែពេលសួរឲ្យលោកបញ្ជាក់ពីដើមហេតុ លោកប្រាប់ថាពិបាករៀបរាប់ណាស់ ព្រោះរឿងយូរហើយលោកភ្លេចខ្លះៗ រួចលោកក៏ប្រាប់ឲ្យទៅសួរមេធាវីរបស់លោកវិញទើបស្រួល។ ពេលអ្នកសារព័ត៌មានសុំណាត់ជួបផ្ទាល់នៅថ្ងៃបន្ទាប់ លោកក៏ប្រញាប់សុំបិទទូរស័ព្ទ ដោយយកលេសថាកំពុងជិះឡាន និងមានប៉ូលិសច្រើន។

    រឿងរ៉ាវមួយនេះ កំពុងធ្វើឲ្យមហាជនហួសចិត្ត និងចោទសួរយ៉ាងធ្ងន់ៗថា តួនាទីជាមេភូមិ គឺត្រូវឈរការពាររាស្ត្រក្នុងមូលដ្ឋាន តែចុះហេតុអ្វីពេលមានគេមកសាងសង់សំណង់រំលោភលើដីពលរដ្ឋខ្លួនឯង បែរជាមិនណែនាំម្ចាស់ដីឲ្យដាក់ពាក្យបណ្ដឹងតាមច្បាប់ភូមិបាល បែរជាចេញមុខមកធ្វើជាអ្នកចរចាទិញដីបញ្ចុះតម្លៃជំនួសអ្នករំលោភបំពានទៅវិញ? ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.