បើតាមការរៀបរាប់របស់អ្នកស្រុក ឱ្យតែពេលខ្យល់បក់ធ្លាក់មក ពួកគាត់ត្រូវរស់នៅទាំងវេទនា ទ្រាំហិតក្លិនស្អុយឈួលរហូតសូម្បីតែបាយក៏ហូបមិនកើត។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺកុមារតូចៗ និងសិស្សសាលាដែលរៀនសូត្រ ព្រមទាំងធ្វើដំណើរឆ្លងកាត់ក្បែររោងចក្រជារៀងរាល់ថ្ងៃ កំពុងប្រឈមនឹងបញ្ហាផ្លូវដង្ហើម ខណៈទឹកកខ្វក់ដែលហូរចេញមកនោះ ក៏ធ្វើឱ្យដំណាំស្រូវនៅក្បែរនោះស្អុយរលួយខូចខាតអស់ដែរ។
ដោយទ្រាំនឹងទុក្ខលំបាកនេះតទៅទៀតលែងបាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ នៅភូមិស្រុកចេក បាននាំគ្នាផ្តិតមេដៃដាក់ពាក្យស្នើសុំអន្តរាគមន៍ជាថ្មី ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រសួងបរិស្ថាន។ តាមរយៈលិខិតនោះ ពលរដ្ឋបានលើកឡើងថា រោងចក្រផលិតចំណីសត្វ ហ្វីត ប្រូ (FEEDPRO KH CO.,LTD.) នៅតែបន្តបង្ហូរទឹកស្អុយចេញមកខាងក្រៅ បញ្ចេញផ្សែង ក្លិន និងលេចធ្លាយសំណល់រាវ ប៉ះពាល់ដល់សុខភាពអ្នកភូមិ ដោយពួកគាត់ទទូចឱ្យអាជ្ញាធរជួយបញ្ឈប់ផលប៉ះពាល់ទាំងនេះ ឬតម្រូវឱ្យរោងចក្រផ្លាស់ប្តូរទីតាំងចេញតែម្តង។
ក្រៅពីនេះ បើតាមការចង្អុលបង្ហាញរបស់អ្នកភូមិ ទីតាំងដែលទឹកកខ្វក់ហូរចេញមកខាងក្រៅ គឺមានរហូតដល់ទៅ ៣កន្លែងផ្សេងគ្នាឯណោះ។ ទន្ទឹមនឹងក្លិនឈួលពិបាកទ្រាំ អ្នកស្រុកក៏មិនហ៊ានឱ្យសត្វគោក្របីផឹកទឹកនៅតំបន់នោះដែរ ព្រោះបារម្ភថាទឹកកខ្វក់ទាំងនោះមានលាយសារធាតុគីមី ដែលអាចបង្កគ្រោះថ្នាក់ ឬឈានដល់ស្លាប់សត្វទៀតផង។ ជាក់ស្តែង ពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ផ្ទាល់ បានត្អូញត្អែរទាំងទាល់ច្រកថា ក្លិនស្អុយដែលភាយចេញមកនោះធ្ងន់ធ្ងរខ្លាំង រហូតលោកប្រៀបធៀបថា បើក្លិនស្អុយអាចចងមុងការពារដូចមូសបាន លោកចងមុងបាត់ទៅហើយ។ លោកបន្តថា ដោយសារក្លិនភាយចូលគ្រប់ទិសទី អ្នកភូមិពិតជាពិបាករស់នៅ ហើយកូនចៅតូចៗក៏ពិបាកដកដង្ហើមដែរ ទោះកន្លងមកអាជ្ញាធរធ្លាប់ចុះមកពិនិត្យក្តី តែក្លិនស្អុយនេះនៅតែកើតមានដដែល។
ពាក់ព័ន្ធនឹងករណីនេះ លោក ឆាយ ប៉ោយ មេភូមិស្រុកចេក បានទទួលស្គាល់ថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺជាការពិតមែន ដោយលោកបញ្ជាក់បន្ថែមថា ក្រៅពីបញ្ហាក្លិន និងផ្លូវដង្ហើម អ្នកភូមិដែលដើរកាត់ទឹកកខ្វក់ទាំងនោះ ក៏កើតអាការៈរមាស់ និងរោលពេញដៃពេញជើងថែមទៀត។
លោកមេភូមិឱ្យដឹងទៀតថា កាលពីជាងមួយខែមុន លោកធ្លាប់រាយការណ៍ពីកង្វល់របស់អ្នកភូមិទៅរដ្ឋបាលសង្កាត់ចំនួន ២ដងរួចហើយ ទៅតាមឋានានុក្រមរដ្ឋបាល ដោយមិនបានរាយការណ៍រំលងទៅខណ្ឌផ្ទាល់ឡើយ។ បើទោះបីកន្លងមក ខាងសង្កាត់ធ្លាប់នាំពលរដ្ឋទៅជួបដោះស្រាយក្តី តែលោកមិនដឹងលម្អិតពីលទ្ធផលនោះទេ ព្រោះជាក់ស្តែងមកទល់ពេលនេះ បញ្ហាទឹកស្អុយ និងក្លិននៅតែបន្តកើតមានដដែល។ ដូច្នេះ ក្នុងនាមអាជ្ញាធរភូមិ លោកសូមអំពាវនាវដល់មន្ត្រីជំនាញបរិស្ថាន អាជ្ញាធរសង្កាត់ ខណ្ឌដង្កោ និងរាជរដ្ឋាភិបាល សូមមេត្តាជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីឱ្យអ្នកភូមិបានធូរស្រាល និងជៀសផុតពីជំងឺតម្កាត់ផ្សេងៗ។
ដោយឡែក លោក ហៀង ស្រ៊ុយ ចៅសង្កាត់ជើងឯក បានបញ្ជាក់តាមទូរស័ព្ទថា កន្លងមក ក្រុមការងារសង្កាត់ ខណ្ឌ និងមន្ត្រីជំនាញបរិស្ថាន ធ្លាប់ចុះពិនិត្យទីតាំងរោងចក្រនេះ និងបានផាកពិន័យរួចមកហើយ ជុំវិញការបង្ហូរទឹកស្អុយប៉ះពាល់ដល់ការធ្វើស្រែរបស់ពលរដ្ឋ ហើយក្រោយការចុះពិនិត្យនោះ សកម្មភាពទាំងនេះក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈ។ ចំពោះលិខិតផ្តិតមេដៃថ្មីចុះថ្ងៃទី១០ ខែវិច្ឆិកា លោកចៅសង្កាត់បញ្ជាក់ថា ខាងភូមិមិនទាន់បញ្ជូនឯកសារនេះមកដល់ដៃលោកនៅឡើយទេ ប៉ុន្តែលោកនឹងពិនិត្យលើឯកសារដែលអ្នកសារព័ត៌មានផ្តល់ជូន រួចសហការជាមួយមន្ត្រីជំនាញបរិស្ថាន ដើម្បីចុះទៅពិនិត្យទីតាំងនោះជាថ្មីម្តងទៀត។
គួររំឭកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ធ្លាប់បានចេញលិខិតផាកពិន័យអន្តរការណ៍លើរោងចក្រផលិតចំណីសត្វ FEEDPRO KH CO.,LTD. ចំនួន ២០លានរៀល រួចម្តងហើយ។ ការពិន័យនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង និងវិភាគរកឃើញថា រោងចក្រសម្ងួត និងវេចខ្ចប់សំណល់កាកស្រាបៀរមួយនេះ បានដំណើរការអាជីវកម្មពុំអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយបញ្ចេញផ្សែង ក្លិន និងលេចធ្លាយសំណល់រាវប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងលិខិតដដែលនោះ មន្ទីរបរិស្ថានបានបង្គាប់ឱ្យរោងចក្របញ្ឈប់ការបញ្ចេញផ្សែង និងក្លិនជាបន្ទាន់ បិទខ្ទប់កន្លែងលេចធ្លាយកុំឱ្យទឹកហូរចូលដីស្រែពលរដ្ឋ ផ្តល់សំណងការខូចខាតបរិស្ថាន ដាក់រោងចក្រឱ្យស្ថិតក្រោមការពិនិត្យតាមដានជាប្រចាំ ព្រមទាំងព្រមាន បិទអាជីវកម្មជាស្ថាពរ ប្រសិនបើមិនអនុវត្តតាម។
ជុំវិញបញ្ហាទាំងអស់នេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺពីភាគីតំណាងរោងចក្រ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

